ជ័យ - បងសុំផ្ដាំថា អនអើយស្រីអន
សូមបើកវាំងននឲ្យបងឃើញភក្ត្រ
ដឹងចិត្តបងទេ ថាបងលួចស្ម័គ្រ
កន្សែងស្រីប៉ាក់ បងសូមថ្នាក់ថ្នម ។
ជ័យ - កន្សែងសអើយ កន្សែងសសូត្រ
ជ្រលក់ព្រហូត រំយោលផ្កាក្ទម្ព
អូនហូតដៃឯង ល្អហើយសែនសម
អូនស្រីក្រមុំ ផ្ញើមកឲ្យបង ។
ជ័យ - កន្សែង កន្សែងសូត្រអើយ
កន្សែងសូត្រស្រី កន្សែងនិស្ស័យកន្សែងចំណង
អប់ក្លិន ចម្ប៉ាបុប្ផាម្លិះផង
លើកថើបម្ដងៗ បងចង់តែយំអើយ ។
ជ័យ – ឱ!កន្សែងសូត្រ កន្សែងសូត្រអើយ
មានតែអ្នកហើយជាគូឧត្ដម
ឯខ្លួនម្ចាស់ឯង គេពួនសម្ងំ
ទុកឲ្យខ្ញុំយំ យំលុះមរណា ។
ជ័យ - ខ្ញុំសូមប្រាប់ស្រី ទោះបីខ្ញុំស្លាប់
ក៏មិនហ៊ានប្រាប់ថាខ្ញុំស្នេហា
ព្រោះគុណស្រីអន ស្មើនឹងបព្វតា
តើឡើយនរណា ហាទៅនឹងរួច ។
ជ័យ – ចម្រៀង ចម្រៀងច្រៀងសូម
អនអើយស្រីអន សូមបើកវាំងននផាត់ស្បៃបង្អួច
ឲ្យបង សុំទោសដែលបងហ៊ានលួច
ចងចិត្តកំហូច ថើបកន្សែងស្រី ។
អន – ជាតិប្រុសកំហូច ខិលខូចអ្វីម្ល៉េះ
ខ្លួនជាអ្នកចេះ ចេះធ្វើយ៉ាងហ្នឹង
ថើបកន្សែងស្រី កណ្ដាលវាលល្វឹង
អត់ឃ្លានម្ល៉ឹងៗ ប្រឹងរស់ធ្វើអ្វី ។
ជ័យ – អត់ទោសម្ដងទៅពៅព្រលឹងអើយ
ខ្លួនខ្ញុំខុសហើយសូមត្រាប្រណី
ខ្ញុំពិតជាឆ្កួត ហ៊ានលួចស្នេហ៍ស្រី
ភ្លេចមើលនិស្ស័យ ខុសឆ្ងាយកន្លង ។
អន - ចំណែក ចំណែករូបស្រី
ជាតិជាស្ត្រី មិនដែលដៀលស្ដី ថាស្អប់រូបបង
ទោះជេរ ឬខឹងក៏គ្មានបំណង
វណ្ណៈធំផង ក៏គ្មានប្រាថ្នា ។
ជ័យ - សែនសប្បាយចិត្ត បើពិតដូច្នោះ
សូមស្រីសន្ដោសបង្ហាញរូបា
ឲ្យបងបានយល់ទឹកចិត្តស្នេហា
គួរតែកនិដ្ឋាកុំដាច់អាល័យ ។
អន – ទឹកហូររឹមៗរំពឹងដងព្រែក
រូបអូនអល់អែករំពឹងលើម្ដាយ
ជ័យ – ឲ្យតែអូនព្រម បងនឹងខ្វល់ខ្វាយ
ចូលដល់អ្នកម្ដាយ យកអនជាគូ ។
អន - ដឹងទេ ដឹងទេស្នេហា
រូបអូននេះណា កូនអ្នកចម្ការ ជាតិខ្មែរថ្លៃថ្នូរ
ជ័យ – សូមអូនកុំព្រួយ អនមួយបងប្ដូរ
ច្បាប់មានហែហូរ បងប្ដូរផ្គាប់ស្រី ៕
អត្ថបទទាក់ទង៖
วันเสาร์ที่ 16 มกราคม พ.ศ. 2553
วันอังคารที่ 5 มกราคม พ.ศ. 2553
สมัครสมาชิก:
บทความ (Atom)